(ព្រះវិហារ)៖ នៅក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មីរបស់ក្រុមហ៊ុនទ្រីភាព, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថាវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ។
ពិធីនេះ បានរៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនទ្រី ភាព អឹមផត អិចផត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងសម្រេចបាន និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសផ្នែកដំណាំកៅស៊ូ។
នៅចំពោះមុខអង្គពិធី ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តថា ពាក់ព័ន្ធនឹងការងារស្រាវជ្រាវដំណាំកៅស៊ូ លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងលម្អិតថា ក្រសួងបានបង្កើតក្លូនកៅស៊ូថ្មីចំនួន០២ គឺ CRRI 12 និង CRRI 19 ដែលផ្ដល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថានកម្ពុជា និងត្រូវពង្រីកការដាំដុះឱ្យកាន់តែទូលំលាយនាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា «វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកសិកម្ម ទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ»៕